វិសាខបូជា
ប្រទេសខ្មែរជាប្រទេសដែលមានព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ មានថ្ងៃសំខាន់ ៗជាច្រើនដែលទាក់ទងនឹងព្រះពុទ្ធសាសនា ប៉ុន្តែពុទ្ធសាសនិកជនខ្មែរមិនច្រើនទេដែលយល់ដឹងថ្ងៃសំខាន់ ៗទាំងនោះ បណ្តាថ្ងៃសំខាន់ៗទាំងនោះ ថ្ងៃសំខាន់មួយដែលពុទ្ធសាសនិកជនខ្មែរគប្បីរលឹកដឹងនិងប្រារព្ធធ្វើឲ្យជានិស្ស័យ គឺ ថ្ងៃវិសាខបូជា ព្រោះត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ ឬដែលហៅថា ថ្ងៃវិសាខបូជាសកល ។ មូលហេតុដែលអង្គការសហប្រជាជាតិទទួលស្គាល់ថ្ងៃ វិសាខបូជានេះ ព្រោះអង្គការពិភពលោកនេះកំពុងតែមានគោលនយោបាយដូចយ៉ាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែរ គឺ សន្តិភាព និងសន្តិសុខ មានន័យថា អង្គការសហប្រជាជាតិកំពុងព្យាយាមកសាងសុខសន្តិភាពឡើងក្នុងលោក ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ក៏ណែនាំមនុស្សជាតិឲ្យលះបង់អំពើហិង្សាគ្រប់ប្រភេទទាំងដោយកាយ វាចា និង ចិត្ត ហាក់នឹងថាព្រះអង្គកំពុងត្រួសត្រាយ សុខសន្តិភាពចំពោះមនុស្សជាតិទាំងមូលដូច្នោះ កាលបើមនុស្សជាតិមិនធ្វើអំពើហិង្សានិងគោរពសិទ្ធិគ្នាទៅវិញទៅមក ពិភពលោកនេះក៏ជាផែនដីដែលគួរឲ្យរស់នៅអាស្រ័យហើយមនុស្សជាតិក៏រស់នៅបានយ៉ាងសុខសាន្ត គឺ ប្រកបដោយសន្តិភាព នោះឯង ។
ពាក្យថា វិសាខបូជា មកពីពាក្យថា វិសាខបុណ្ណមីបូជា ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺ ខែ ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំទន្សាយ(ថោះ) នេះ ថ្ងៃវិសាខបូជាត្រូវនឹងថ្ងៃអង្គារទី ១៧ ខែឧសភា ឆ្នាំ ២០១១ ។
ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជាព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាងកើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យថា ថ្ងៃនេះពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារលឹកនឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះបរមសាស្តា ។
១.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃប្រសូត
នៅពេលដែលព្រះនាងសិរិមហាមាយាដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅមាតុភូមិ គឺ ទេវទហនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន(រុម្មិណ្តេ) រវាង ក្រុងកបិលពស្តុនិងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស នៅខណៈនោះព្រះនាងក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯងដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំច មុន ព.ស. ៨០ ឆ្នាំ លុះស្តាប់ឮពត៌មានថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះកំពូលរាស្រ្តសុទ្ធោទនក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបាន ៥ ថ្ងៃ ព្រះរាជឱរសនេះក៏ត្រូវបានសន្មតព្រះនាមថា សិទ្ធត្ថៈ ប្រែថា សមបំណង ។
២.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ
ក្រោយពីចេញបួសបាន ៦ ឆ្នាំ នៅព្រះជន្ម ៣៥ ឆ្នាំ សិទ្ធត្ថកុមារក៏បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ នៅព្រឹកព្រាងថ្ងៃពុធ តិថី ១៥ កើត ខែពិសាខឆ្នាំរកា មុនព.ស. ៤៥ ឆ្នាំ នៅឯពុទ្ធគយា ។
៣.ប្រារព្ធថ្ងៃវិសាខបូជាព្រោះជាថ្ងៃបរិនិព្វាន
ក្រោយពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ឆ្នាំរហូតដល់ព្រះជន្មបាន ៨០ ឆ្នាំហើយ ព្រះអង្គក៏ចូលបរិនិព្វាននៅថ្ងៃអង្គារ តិថី ១៥ កើត ខែពិសាខ ឆ្នាំ្មម្សាញ់ ព.ស. ១ ឆ្នាំ នៅឯនគរកុសិនារា ។
ការដែលពោលថាហេតុការណ៍អស្ចារ្យ ព្រោះព្រះអង្គប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី ១៥ កើត ខែពិសាខដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និង ឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក ។
សារសំខាន់នៃថ្ងៃវិសាខបូជា
១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅថ្ងៃទី ១៥ ធ្នូ ឆ្នាំ ១៩៩៩ មើលមតិសម្រេច
៣.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិងសន្តិភាពទាំងខាងក្នុងនិងខាងក្រៅ ។
៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំលឹកគុណ គឺ ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះបរមសាស្តា
៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់ ។




